អីឡូវនេះនៅ​សៀម​រាប​មាន​កង់​អគ្គិសនី​ជួលសម្រាប់ភ្ញៀវទេសចរ​​

អីឡូវនេះនៅ​សៀម​រាប​មាន​កង់​អគ្គិសនី​ជួលសម្រាប់ភ្ញៀវទេសចរ​​








ទៅ​លេង​សៀមរាប​បើ​សិន​មាន​រថយន្ត​ជិះ​ផ្ទាល់​ខ្លួន​មិន​ពិបាក​ក្នុង​ការ​ដើរ​លេង​តំបន់​អង្គរ​ប៉ុន្មាន​ឡើយ​ ណាស់​តែ​ទៅ​តាម​រយៈ​​ការ​ជិះ​រថយន្ត​ក្រុង​ ឬ តាក់ស៊ី​អី​ទេ​ដែល​ពិបាក​នោះ។ មិន​តែ​ប៉ុណ្ណោះ​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​​ខេត្ត​សៀម​រាប ខ្លះ​មាន​តម្លៃ​ថ្លៃ​ព្រោះ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​មាន​ចម្ងាយ​ឆ្ងាយ​ពី​គ្នា។
តែ​មិន​ថ្វី​ទេ ព្រោះ​ថា​ពេល​នេះ​មាន​​កង់​អាគុយ​សម្រាប់​ជួល​ជិះ​កម្សាន្ត នៅ​តំបន់​អង្គរ​ដោយ​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត។ ក្រុមហ៊ុន​ដែល​បើក​សេវាកម្ម​ជួល​កង់​នេះ​ មាន​ឈ្មោះ​ថា​ Ovelocity ហើយ​សម្រាប់​តម្លៃ​ជួល​ជិះ​វិញ​ មាន​គិត​ជា​មួយ​ម៉ោង​តម្លៃ​ ៣ ដុល្លារ, ៦ ម៉ោង​តម្លៃ​ ៨ ដុល្លារ, ២៤ ម៉ោង ឬ មួយ​ថ្ងៃ​តម្លៃ​ ១០ ដុល្លារ និង ការ​ជួល​ជិះ​ជា​លក្ខណៈ​ Private Tour (ដឹក​នាំ​ដោយ​ក្រុម​ការងារ​) មាន​តម្លៃ​ចាប់​ពី ៣០ ដុល្លារ​ឡើង​ទៅ។
ជួល​​កង់​អាគុយ​នេះ​ជិះ​ មិន​បាច់​ខ្វល់​រឿង​អស់​អាគុយ​ទេ ព្រោះ​មាន​ស្ថានីយ​សម្រាប់​សាក​បញ្ចូល​ថាមពល​ជា​ច្រើន​កន្លែង ​នៅ​ក្នុង​ខេត្ត​សៀមរាប ហើយ​​សំខាន់​សាក​បាន​ដោយ​ឥត​ថ្លៃ​ទៀត។
ទាក់​ទង​នឹង​សមត្ថភាព​កង់​អាគុយ​វិញ​ អាច​ជិះ​បាន​ដល់​ល្បឿន​ ២៥ គ.ម/ម៉ ហើយ​ថាមពល​របស់​វា​អាច​ជិះ​បាន​ចម្ងាយ​ ៤៥ គ.ម ពោល​គឺ​អាច​ជិះ​ទៅ​អង្គរ​វត្ត, អង្គរ​ធំ, បារាយ​ខាង​កើត និង ជិះ​ត្រឡប់​មក​ហាង​វិញ​បាន។
បើ​មាន​ចំណាប់​អារម្មណ៍​ អាច​តេ​កក់​ទុក​មុន​បាន​ តាម​លេខ​ទូរសព្ទ ០៨៩ ៩០៥ ០៦២៕
​​​​​

No comments:

Powered by Blogger.